ខេត្តព្រះសីហនុ៖តើចិនឬខ្មែរជាអ្នកកើបលុយពីភ្ញៀវទេសចរ?

0
415

សកម្មភាពបុកគ្រឹះសាងសង់អគារ ខុនដូរ សណ្ឋាគារ កាស៊ីណូ បាននឹងកំពុងបញ្ជាក់ថា ខេត្តព្រះសីហនុ ដែលជាខេត្តជាប់មាត់សមុទ្រមានឆ្នេរស្អាតលំដាប់ថ្នាក់ពិភពលោក កំពុងតែមានការអភិវឌ្ឍន៍យ៉ាងខ្លាំង ស្របពេលដែលជនជាតិចិន ក៏បានសម្រុកចូលមករស់នៅ និងធ្វើការនៅខេត្តព្រះសីហនុកាន់តែច្រើនឡើងៗ។

កាលពីដើមខែកញ្ញាឆ្នាំ២០១៨ មន្ត្រី​ជាន់ខ្ពស់​ក្រសួង​មហាផ្ទៃ​លោក​ សុខ ផល បាន​អះអាង​ថា ជនជាតិ​ចិន​មក​ស្នាក់​នៅ​ប្រទេស​កម្ពុជា​បាន​កើនឡើង​រហូត​ដល់​ជាង​ ២១ ​ម៉ឺន​នាក់​ ​ក្នុង​នោះ​មាន​ជាង​ ៧៨០០០ ​នាក់​កំពុង​រស់នៅ​ខេត្ត​ព្រះសីហនុ ហើយ​មាន​ប័ណ្ណ​ការងារ​ត្រឹមត្រូវ​តែ​ជាង ២ ​ម៉ឺន​នាក់​ប៉ុណ្ណោះ​។

ជនជាតិចិន ដែលចូលមករស់នៅកម្ពុជា ជាពិសេស​ខេត្តដែលមានសក្តានុពេលទេសចរណ៍ រួមមាន៖ ព្រះសីហនុ កោះកុង កែប កំពត សៀមរាប និងភ្នំពេញជាដើម ហើយពួកគេបានចូលមករស់នៅក្នុងនាមជាអ្នកវិនិយោគ ថៅកែហាង ថៅកែកាស៊ីណូ កម្មករ អ្នកបច្ចេកទេស…។

ខេត្តព្រះសីហនុ មានសណ្ឋាគារ៨៨កន្លែង និងគ្រោងបើកដំណើរចំនួន១០ទៀតនៅចុងឆ្នាំ២០១៨ ខណៈកាស៊ីណូនៅក្នុងខេត្តនេះ បានបន្តហក់ឡើងដោយមានកាស៊ីណូដំណើរការ និងគ្រោងដាក់ឲ្យដំណើរសរុប៣០ឯណោះ។ នេះជាការបញ្ជាក់របស់ លោកតាំង សុចិត្រគ្រឹះស្នា ប្រធានមន្ទីរទេសចរណ៍ខេត្តព្រះសីហនុ ដែលបានប្រាប់អ្នកកាសែតកាលកក្កដាកន្លងទៅ។

កន្លងមក រាជ​រដ្ឋាភិបាល​កម្ពុជា​បាន​ប្រកាស​ធ្វើ​ឲ្យ​ខេត្ត​ព្រះសីហនុ​ទាំង​មូល​ក្លាយ​ជា​តំបន់​ឧស្សាហកម្ម​គំរូ​ពិសេស​មួយ​របស់​ប្រទេស ដែល​នឹង​យក​លំនាំ​ការ​អភិវឌ្ឍ​តំបន់​សេដ្ឋកិច្ច​​ពិសេស «សេនចេន» (Shenzhen) របស់​ប្រទេស​ចិន។

ខេត្តព្រះសីហនុ បានប្រែមុខមាត់ថ្មី ដោយមានការអភិវឌ្ឍន៍ខ្លាំងក្លា ជាពិសេស វិស័យអចលនទ្រព្យ និងវិស័យទេសចរណ៍ ព្រោះ ខេត្តភាគនិរតីមួយនេះ គឺជាមុខព្រួញរបស់អ្នកវិនិយោគចិន និងទេសចរណ៍ចិន និងទេសចរណ៍បរទេសផ្សេងទៀត។

បើទោះមានសកម្មភាពអភិវឌ្ឍន៍យ៉ាងណាក្តី មានសំណួរមួយបានចោទឡើងពីពលរដ្ឋ តើការអភិវឌ្ឍន៍នេះ បានផលមកខ្មែរ ឬចិន?

នៅពេលគេអភិវឌ្ឍន៍ គេត្រូវប្រាកដថា ផលនៃអភិវឌ្ឍន៍ បានទៅម្ចាស់ស្រុក ជាជាងជនបរទេស។ ប៉ុន្ដែ បន្ទាប់ពីសកម្មភាពអសន្តិសុខ និងសំរាម បានវាយប្រហារលើឆ្នេរសមុទ្រខេត្តព្រះសីហនុ នៅមួយរយៈចុងក្រោយនេះ ខេត្តមួយនេះ ស្រាប់តែទទួលបានអ្នកទេសចរណ៍ទៅកម្សាន្តតិចទៅវិញ។

របាយការណ៍របស់ក្រសួងទេសចរណ៍ បង្ហាញថា ក្នុង​រយៈពេល​បី​ថ្ងៃ​នៃ​បុណ្យ​ភ្ជុំបិណ្ឌ ពលរដ្ឋ​ដើរលេង​កម្សាន្ត​នៅ​តំបន់​ទេសចរណ៍​នានា​ប្រមាណ ១.២​លាន​នាក់ កើន​ឡើង​ចំនួន​២០​ភាគរយ បើ​ធៀប​ទៅ​និង​បុណ្យ​ភ្ជុំ​ឆ្នាំមុន។ ប៉ុន្តែ​ភ្ញៀវ​ទៅ​កម្សាន្ត​នៅ​ខេត្ត​ព្រះសីហនុ​បាន​ធ្លាក់​ចុះ​ជាង ១៣​ភាគរយ​បើ​ធៀប​ទៅ​និង​បុណ្យ​ភ្ជុំបិណ្ឌ​ឆ្នាំមុន។

ការថយចុះនៃចំនួនភ្ញៀវទេសចរជាតិនេះ គឺបន្ទាប់ព័ត៌មានអសន្តិសុខ និងបញ្ហាសំរាម ត្រូវបានផ្សព្វផ្សាយយ៉ាងគគ្រឹកគគ្រេង ដែលបានសម្អុយកេរ្តិ៍ឈ្មោះខេត្តព្រះសីហនុ ធ្វើឲ្យមហាជនលែងចាប់អារម្មណ៍ទៅខេត្តមួយនេះ។

ការថយចុះនៃភ្ញៀវទេសចរ បានធ្វើឲ្យធ្លាក់ប្រាក់ចំណូល ដែលពលរដ្ឋចាយទៅលើសេវាកម្មសណ្ឋាគារ ផ្ទះសំណាក់ ចំណីអាហារជាដើម នៅខេត្តព្រះសីហនុ។

មួយវិញទៀត បើគេក្រឡេកមើលទៅវិស័យភោជនីយដ្ឋាន ខេត្តព្រះសីហនុ បានប្រែយ៉ាងលឿន ពីយីហាងខ្មែរ ទៅជាយីហោចិន ពោល គឺជាជនជាតិចិន បានក្តោបក្តាប់ជំនួញវិស័យនេះមួយភាគធំ ខណៈអ្នកវិនិយោគចិន ក៏បានក្តោបក្តាប់សេដ្ឋកិច្ចខេត្តនេះ បានមួយភាគធំផងដែរ។

បើនិយាយឲ្យស្រួលស្តាប់ គឺថា ​ភ្ញៀវទេសចរ ដែលចូលទៅខេត្តព្រះសីហនុ ត្រូវចំណាយលើថ្លៃសេវាកម្ម ដូចជា ផ្ទះសំណាក់ សណ្ឋាគារ អាហារ និងសេវាកម្មជាច្រើនទៀត ត្រូវបានជនជាតិចិន ត្រង់យកលុយទាំងនេះ ដើម្បីត្រឡប់ទៅមាតុភូមិរបស់ចិនវិញ។ រីឯវិនិយោគចិន ក៏កំពុងសប្បាយកើបលុយពីឧស្សាហកម្មកាណូស៊ីណូ លក់ខុនដូរ… និងទាញយកចំណូលគ្រប់រូបភាពពីខេត្តព្រះសីហនុផងដែរ។

តើកម្ពុជាទទួលបានអ្វីខ្លះពីការវិនិយោគចិនយ៉ាងគំហុក?

១.កម្ពុជាចំណេញបានពន្ធពីការវិនិយោគ និងការរកស៊ីរបស់ចិន

២.ជនជាតិចិនដែលរស់នៅ និងធ្វើការនៅកម្ពុជា ត្រូវបង់ថ្លៃលិខិតរដ្ឋបាលផ្សេងៗ

៣.កត្តាភូមិសាស្រ្តនយោបាយ ចិនចាប់កម្ពុជា ដើម្បីបំបែកអាស៊ានឲ្យបែកគ្នា (អាស៊ាន នឹងមិនអាចសម្រេចអ្វីបានទាំងអស់ បើប្រទេសណាមួយ មិនគាំទ្រ) ឯកម្ពុជា ក៏ទាញចិនធ្វើជាខ្នងបង្អែក ដើម្បីបញ្ជាក់ថា កម្ពុជាជាប្រទេសមិនរណបវៀតណាមដូចការចោទប្រកាន់ពីក្រុមប្រឆាំងឡើយ ព្រោះ វៀតណាម និងចិន ជាសត្រូវប្រវត្តិសាស្រ្ត និងបច្ចុប្បន្ន…។

ទោះបីកម្ពុជាអាចទាញផលខ្លះពីការវិនិយោគរបស់ចិនមែន ប៉ុន្ដែ កម្ពុជា ហាក់ចាញ់ប្រៀបចិនក្នុងផ្លូវសេដ្ឋកិច្ច។ ដូចរៀបរាប់ខាងលើ ដ្បិតចិនបានមកសាងសង់អគារខ្ពស់ៗ កាស៊ីណូ…ជារូបភាពខាងក្រៅ គេមើលឃើញថា ខេត្តព្រះសីហនុ បានអភិវឌ្ឍន៍ហើយ ប៉ុន្ដែ បើមើលឲ្យជ្រៅ ផលសេដ្ឋកិច្ចមួយភាគធំ ត្រូវបានជនជាតិចិន កើបយកទៅមាតុភូមិរបស់គេវិញ។

តាមពិតទៅ ប្រទេសត្រូវការអភិវឌ្ឍន៍ ប៉ុន្ដែភោជនីយដ្ឋាន ការលក់ដូរតាមផ្ទះ និងរបរតូចតាចមួយចំនួនទៀត តើត្រូវឲ្យបរទេសជាអ្នកធ្វើមែនទេ? ខ្មែរមិនចេះធ្វើ ឬយ៉ាងណា? ការណ៍នេះ ដែលធ្វើបរទេសមក ដណ្តើមការងារម្ចាស់ស្រុក បើទោះមុខរបរទាំងនេះ ម្ចាស់ស្រុកមានសមត្ថភាពធ្វើក៏ដោយ។ ខុសពីប្រទសថៃ ដែលរាល់ជនបរទស គឺគ្មានសិទ្ធិធ្វើជាម្ចាស់អាជីវកម្ម សូម្បីតែលក់បាយមួយតូប ក៏ថៃធ្វើជាម្ចាស់ ឯកម្មករលាងចាន ឬលក់ដូរ គឺជាជនបរទេសដែរ។ (បទពិសោធខ្ញុំទៅប្រទេសថៃ)។

មួយវិញទៀត ការប្រើប្រាស់កម្មករ ពលករ និងអ្នកផ្តល់សេវាកម្ម ពោល គឺការងារទាំងនេះ ក៏មិនគួរផ្តល់ឲ្យជនបរទេសដែរ វាគួរតែខ្មែរជាអ្នកធ្វើ ដើម្បីផ្តល់ចំណូលដល់ពួកគេក្នុងការលើកកម្ពស់ជីវភាពប្រចាំថ្ងៃ ដែលនេះ ទើបជាការអភិវឌ្ឍន៍ពិតប្រាកដ៕

តើកំពង់សោម នឹងប្រែទៅជាយ៉ាងណានៅថ្ងៃអនាគត? រង់ចាំមើលបន្ត!

LEAVE A REPLY