ទីបំផុតសាលាហ្សាម៉ាន់បានប្តូរឈ្មោះក្រោយជំនួបរវាងលោក ហ៊ុន សែន ជាមួយប្រធានសភាតួគី

0
64

គណៈគ្រប់គ្រងសាលា និងសាកលវិទ្យាល័យ ហ្សាម៉ាន់ដ៏ល្បីឈ្មោះមួយ កាល​ពី​ថ្ងៃ​ទី​១៦ ខែ​វិច្ឆិកា បានសម្រេចប្តូរឈ្មោះទៅជា សាលា និងសាកលវិទ្យាល័យ «ផារ៉ាហ្គន»​។ លោក អៀង សុផ្លលែត ប្រធាន​ក្រុម​ប្រឹក្សា​ភិបាល​នៃ​សាលា​អន្តរជាតិ​ហ្សាម៉ាន់ បាន​បញ្ជាក់​ថា ការ​ប្ដូរ​ឈ្មោះ​សាលា ធ្វើ​ឡើង​ក្នុង​កាលៈទេសៈ​ចាំ​បាច់ ដើម្បី​ពាំនាំ​នូវ​កម្លាំង​និង​ថាមពល​ថ្មី ឆ្ពោះ​ទៅ​កាន់​ដំណាក់​កាល​បន្ទាប់​នៅ​ក្នុង​វិថី​អប់រំ​នៅ​កម្ពុជា។

តែទោះជាយ៉ាងណា ការប្តូរឈ្មោះសាលា និងសាកលវិទ្យាល័យនេះ គឺបានធ្វើឡើងក្រោយពីមានជំនួបមួយកាលពីពេលថ្មីនេះរវាង លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ជាមួយលោក លោក ប៊ីណាលី យីដីរីម (Binaly Yidirim) ប្រធាន​រដ្ឋសភា និង​ជា​អតីត​នាយករដ្ឋ​មន្រ្តី​តួកគី។

សូមរម្លឹកថា កាល​ពី​ខែ​តុលា​កន្លង​ទៅ មាន​សន្និសីទ​កាសែត​រួម​គ្នា​រវាង​ប្រមុខ​ការទូត​តួកគី និង​សមភាគី​កម្ពុជា ក្នុង​ប្រទេស​តួកគី លោក Mevlut Cavusoglu រដ្ឋ​មន្ត្រី​ការបរទេស​តួកគី ​បាន​ស្នើ​ជា​ថ្មី​ម្តង​ទៀត​ឲ្យ​ភាគី​កម្ពុជា​ធ្វើ​បត្យាប័ន​មនុស្ស​៣នាក់ ដែល​ជា​សមាជិក​ជាន់​ខ្ពស់​នៃ​អង្គការ​ភេរវកម្ម Fetullah (FETO)។ ហើយកាលពី​​ខែ​កក្កដា​ ឆ្នាំ២០១៦ អគ្គរដ្ឋ​ទូត​តួកគីប្រចាំ​កម្ពុជា បាន​ចោទ​ប្រកាន់​សាលា​ហ្សាម៉ាន់នៅ​កម្ពុជា ថា​មាន​ទំនាក់​ទំនង​ជាមួយ​សមាជិក​ចលនា​សង្គម​អ៊ីស្លាម​សេរីរបស់​លោក ហ្វេធូឡា ហ្គូឡិន និង បាន​ស្នើ​ឲ្យ​រដ្ឋាភិបាល​កម្ពុជា បញ្ឈប់​ការ​គាំទ្រ​គ្រប់​រូបភាព និង​ចង់​ឃើញសាលា​ហ្សាម៉ាន់បញ្ចប់​សកម្មភាព​គ្រប់​យ៉ាង​នៅ​កម្ពុជា។ ប៉ុន្តែ សាលាហ្សាម៉ាន់ បាន​ចេញ​សេចក្តី​ថ្លែងការណ៍ដោយចាត់​ទុកការ​ចោទ​ប្រកាន់​របស់​ឯក​អគ្គ​រដ្ឋ​ទូត​តួកគីនៅ​កម្ពុជា ​ថាធ្វើ​ឡើង​ដោយ​គ្មាន​មូលដ្ឋាន​ច្បាស់​លាស់ ហើយ​មាន​បំណង​បង្ខូច​កេរ្តិ៍ឈ្មោះ​ក្រុមហ៊ុនរបស់​ខ្លួន​។

តើអនាគតសាលាហ្សាម៉ាន់ទៅជាយ៉ាងណា? តើសញ្ញាបត្ររបស់សិស្សនិងនិស្សិតសាកលវិទ្យាល័យហ្សាម៉ាន់ត្រូវគេទទួលស្គាល់ឬយ៉ាងណា? ទាំងនេះ គឺជាសំណួរនៅឡើយ។ រង់ចាំតាមដានបន្ត!

 

 

LEAVE A REPLY