ពលរដ្ឋត្រេកអរដែលបានជិះរថភ្លើងចូលព្រលានយន្ដហោះ

0
19

ពលរដ្ឋបង្ហាញអារម្មណ៍សប្បាយរីករាយ នៅពេលបានជិះរថភ្លើងចម្ងាយខ្លីពីស្ថានីយអយស្ម័យាន​ភ្នំពេញ​ទៅ​​​​ព្រលាន​​យន្ដហោះ​អន្ដរជាតិភ្នំពេញ​ ដែលបានបើកឲ្យដំណើរការបណ្ដោះអាសន្នកាលពីថ្ងៃទី១០ ខែ​មេសា​​​កន្លងទៅ។

អង្គុយលើរថភ្លើងជាមួយមនុស្សម្នាជាច្រើន អ្នកស្រី ប៉ាវ តេង ពលរដ្ឋរស់នៅភ្នំពេញ បានរៀបរាប់​ទាំង​រីករាយ​​ថា៖ «អ៊ំសប្បាយចិត្ត ព្រោះអ៊ំមិនដែល​បានជិះទេ នេះ​ជាលើកទីមួយហើយ។ តាមពិតអ៊ំចង់ជិះតាំង​ពី​ថ្ងៃ​ចូល​ឆ្នាំ​​ខ្មែរ​ម៉្លេះ តែ​វារវល់។ ថ្ងៃនេះ បាន​បបួល​ក្មួយមកផ្សារធំថ្មី នាំគ្នាជិះរថភ្លើង ព្រោះចង់ស្គាល់។ ពិត​ជា​​ទំនើប​មែន ព្រោះ​​វា​ត្រជាក់ និង​សុវត្ថិភាព»។

ដូចគ្នា អ្នកស្រី អ៊ឹម ផល្លី ពលរដ្ឋនៅភ្នំពេញដែលធ្វើដំណើរតាមរថភ្លើងទៅព្រលានយន្ដហោះ បាន​ឲ្យ​ដឹងថា ការធ្វើដំណើរតាមផ្លូវដែកនេះ មានអត្ថប្រយោជន៍ជាច្រើន។

អ្នកស្រីបញ្ជាក់យ៉ាងដូច្នេះថា៖ «យើងមិនភ័យបារម្ភរឿងកកស្ទះចរាចរណ៍ និងមិនភ័យរឿងហួសពេល​ទៅ​ព្រលានយន្ដហោះ។ កាលមុនធ្វើដំណើរតាមឡានទៅព្រលាន មានអារម្មណ៍ភ័យរឿងកកស្ទះ ធ្វើ​ឲ្យ​យឺត​ពេល…»។

ការដាក់ឲ្យដំណើរការរថភ្លើងចម្ងាយខ្លីស្ថានីយអយស្ម័យានភ្នំពេញទៅព្រលានយន្ដហោះមានចម្ងាយសរុបជិត១០គីឡូម៉ែត្រ ដែលប្រើពេលវេលាប្រមាណ២០ទៅ២៥នាទី។ បច្ចុប្បន្ន មានរថភ្លើងចំនួន​២គ្រឿង​កំពុង​ដាក់ឲ្យដំណើរការបណ្ដោះអាសន្ន ខណៈ៣គ្រឿងផ្សេងទៀត កំពុងបញ្ជា​ទិញពី​ប្រទេសម៉ិចស៊ីកូ។

ភ្នែកសំឡឹងមើលទេសភាពសងខាងផ្លូវរថភ្លើងតាមកញ្ចក់ទូររថភ្លើង លោក ជុន សុខុម បានបង្ហាញ​អារម្មណ៍​​​​​​​រីករាយដែលបានធ្វើដំណើរតាមរថភ្លើង។ បើតាមពលរដ្ឋរូបនេះ ការធ្វើដំណើរ​តាមរថភ្លើង បាន​បង្កើត​​នូវភាពងាយស្រួលជាច្រើន។

លោករៀបរាប់ថា៖ ​«កន្លងមក ទៅព្រលានធ្វើដំណើរតាមឡានធម្មតា ស្ទះខ្លាំងណាស់អាចៅអើយ។ តែ​ឥឡូវ​​​​ទៅ​ទទួលបងប្អូននៅព្រលាន អ៊ំមកសាកជិះរថភ្លើង ពេលមកវិញជូនបងប្អូនមកជិះរថភ្លើងដែរ។ វា​ស្រួល​ណាស់ ព្រោះមានម៉ាស៊ីនត្រជាក់ អត់ស្ទះ និងធ្វើឲ្យអារម្មណ៍យើងល្អ»។  ​

មិនខុសគ្នាឡើយ អ្នកស្រី អ៊ឹម សុធា បានរៀបរាប់ថា ការជិះរថភ្លើងងាយស្រួលជាងឡានឆ្ងាយណាស់ ពីព្រោះ វាមានសុវត្ថិភាព និងគ្មានការកកស្ទះនោះទេ។

អ្នកស្រីបញ្ជាក់យ៉ាងដូច្នេះថា៖ «យើងជិះរថភ្លើង គឺអត់ភ័យព្រួយកកស្ទះ មានសុវត្ថិភាព និងមិនភ័យរឿង​ចោរ​​​ឆក់ដូចតាមដងផ្លូវនោះទេ»។

សូមបញ្ជាក់ថា រថភ្លើងចម្ងាយខ្លីនេះ គឺជាការវិនិយោគរបស់ក្រុមហ៊ុន Royal Railway ដែលជាបុត្រ​សម្ព័ន្ធ​របស់ក្រុមហ៊ុនរ៉ូយ៉ាល់គ្រុបរបស់អ្នកឧកញ៉ា គិត ម៉េង ដែលបានដាក់ឲ្យដំណើរ​បណ្ដោះអាសន្ន​កាលពីថ្ងៃ​ទី​១០​ខែមេសាកន្លងទៅ៕

LEAVE A REPLY