ករណីពុលនៅក្រចេះ៖​រដ្ឋមន្ដ្រីកសិកម្ម បញ្ជាឲ្យទប់ស្កាត់ការនាំចូលថ្នាំកសិកម្មខុសច្បាប់តាមព្រំដែន

0
60
លោក វេង សាខុន រដ្ឋមន្ដ្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ( រូបថត៖​ហ្វេសប៊ុកក្រសួងកសិកម្ម)

បន្ទាប់ពីមានករណីពុលពលរដ្ឋនៅខេត្តក្រចេះជាបន្តបន្ទាប់ លោក វេង សាខុន រដ្ឋមន្ដ្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានបញ្ជាឲ្យសមត្ថកិច្ចផ្អាកការលក់ថ្នាំកម្ចាត់ស្មៅនៅទូទាំងប្រទេស ដោយរង់ចាំការត្រួតពិនិត្យរបស់មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ រាជធានី-ខេត្ត ដោយមានសមត្ថកិច្ចជំនាញ។ នេះបើតាមសេចក្ដីប្រកាសព័ត៌មានមួយ ដែលចេញផ្សាយដោយក្រសួងកសិកម្មនៅថ្ងៃទី២៥ ខែឧសភា។

បើតាមសេចក្តីប្រកាសព័ត៌មានដដែល លោករដ្ឋមន្ដ្រីក៏បានបញ្ជាឲ្យសមត្ថកិច្ច ត្រូវសហការគ្នាត្រួតពិនិត្យ និងទប់ស្កាត់ការនាំចូលថ្នាំកសិកម្មខុសច្បាប់គ្រប់ប្រភេទ និងបានបញ្ជាទៅមន្ដ្រីរបស់ខ្លួន ត្រូវចុះត្រួតពិនិត្យ និងស្រាវជ្រាវ ព្រមទាំងណែនាំកសិករនូវវិធីប្រើប្រាស់ថ្នាំកសិកម្មឲ្យបានត្រឹមត្រូវ ដើម្បីជៀសគ្រោះថ្នាក់។

សូមបញ្ជាក់ថា បន្ទាប់ពលរដ្ឋនៅឃុំន្ទួត ស្រុកចិត្របុរី ខេត្តក្រចេះពុលស្លាប់១៣នាក់ និងត្រូវបញ្ជូនទៅមន្ទីរពេទ្យរាប់សិបនាក់ បានធ្វើកក្រើកដល់មតិមហាជន ហើយក៏បានមានការរិះគន់យ៉ាងចាស់ដៃដល់រដ្ឋមន្ដ្រី៣រូប ដែលរកឃើញមូលហេតុពុលស្លាប់ផ្សេងៗគ្នា ក្នុងនោះ រួមមាន លោក ចម ប្រសិទ្ធ រដ្ឋមន្ដ្រីក្រសួងឧស្សាហកម្ម និងសិប្បកម្ម លោក​ វេង សាខុន រដ្ឋមន្ដ្រីក្រសួងកសិកម្ម និងរុក្ខាប្រមាញ់ និងនេសាទ និងលោក ស៊ុយ សែម រដ្ឋមន្ដ្រីក្រសួងរ៉ែ និងថាមពល។ ក្នុងនោះ ប្រមុខរដ្ឋាភិបាល សម្តេច ហ៊ុន សែន ក៏​មានកំហឹងយ៉ាងខ្លាំង ចំពោះរដ្ឋមន្រ្តីទាំង៣ខាងលើ រហូតធ្វើឲ្យរដ្ឋមន្ដ្រីទាំង៣ បានសហការគ្នាចេញសេចក្តីប្រកាសព័ត៌មានមួយអំពីមូលហេតុដែលធ្វើឲ្យពលរដ្ឋស្លាប់។ ប៉ុន្ដែ មិនបានប៉ុន្មានថ្ងៃផង ករណីពលរដ្ឋពុលនៅស្រុកចិត្របុរី ក៏បានកើតឡើងម្តងទៀត៕

សូមរង់ចាំតាមដានបន្តទៀត!

 

 

 

LEAVE A REPLY