លោកតាអាយុ៨៧ឆ្នាំម្នាក់ ចេះធ្វើស្បែកជើងកង់ឡាន បានទាក់ទាញអ្នកគាំទ្រពេញប្រទេស

0
101

ក្នុងវ័យ៨៧ឆ្នាំ លោកតាសំរិទ្ធ អ៊ុន មិនបានកាន់ចានស្រាក់ទៅវត្តដូចចាស់ៗដទៃឡើយ។ ព្រោះ តែជីវភាព លោកតាដែលមានស្បែកជ្រាវជ្រួញទៅហើយ នៅតែត្រដរជិះកង់ដើរលក់ស្បែកជើងកង់ឡាននៅទីក្រុងភ្នំពេញ និងបណ្តាខេត្តមួយចំនួន។

លោកតា សំរិទ្ធ អ៊ុន មានដើមកំំណើតនៅខេត្តតាកែវ និងមានកូន និងគ្រួសារដូចគេឯងដែរ។ ជារៀងរាល់ថ្ងៃ លោកតាបានកម្ម៉ងទិញកង់ឡានចាស់ៗពីប្រទេសថៃ  ដើម្បីយកមកច្នៃជាស្បែកជើងយ៉ាងស្រស់ស្អាតតាមម៉ូដផ្សេងៗ។ ប៉ុន្ដែ ម៉ូដដែលគួរឲ្យចាប់អារម្មណ៍ជាងគេនោះ គឺស្បែកជើងកង់ឡានម៉ូដក្រវ៉ាត់កែង ដែលប្រជាជននៅក្នុងជំនាន់ខ្មែរក្រហមនិយមពាក់។

តាមពិតទៅ ដ្បិតតែលោកតាសំរិទ្ធ អ៊ុន បានហែលឆ្លងជីវិតនៅក្នុងសម័យអាវខ្មៅ ៣ឆ្នាំ ៨ខែ និង២០ឆ្នាំ ដូចពលរដ្ឋដទៃទៀតក៏ដោយ តែលោកតាមិនចេះធ្វើស្បែកជើងកង់ឡាននៅសម័យនោះទេ។ ទើបតែក្រោយមកទេ ទើបលោកតាបានទៅរៀនពីវិធីធ្វើស្បែកជើងកង់ឡានពីអ្នកខេត្តបាត់ដំបង ហើយក្រោយមក ក៏យកគំនិតច្នៃប្រឌិតនេះ មកធ្វើនៅស្រុកកំណើតដើម្បីចិញ្ចឹមជីវិតប្រចាំថ្ងៃ។

ស្បែកជើងលោកតាទទួលបានការគាំទ្រយ៉ាងខ្លាំងពីសំណាក់ពលរដ្ឋខ្មែរ ជាពិសេស អ្នកដែលធ្លាប់បានហែលឆ្លងសម័យកម្ពុជាប្រជាធិបតេយ្យកាលពីជាង៣ទសវត្សរ៍មុន។ កាលនោះ អ្វីៗទាំងអស់ គឺជារបស់អង្គការបដិវត្តន៍ រួមទាំងស្បែកជើងកង់ឡានផងដែរ ប៉ុន្ដែ បន្ទាប់ពីលោកតាសំរិទ្ធ អ៊ុន បានផលិតស្បែកជើងនេះហើយ លោកអ្នកអាចទិញវាធ្វើកម្មសិទ្ធិខ្លួនឯង ទុកជាអនុស្សាវរីយ៍មួយ ដែលកន្លងមក ស្បែកជើងនេះហើយដែលបានជួយលោកអ្នកពីការមុតបន្លា និងការពារជើងរបស់លោកអ្នក ខណៈកាលនោះ លោកអ្នកបានពាក់វាធ្វើកសិកម្ម និងដើរចូលព្រៃ។

លើសពីនេះ អ្នកដឹកនាំថតកុន ក៏អាចទិញវាដើម្បីទុកពាក់ឲ្យតួ ឯហាងកាហ្វេ ឬកន្លែងប្រវត្តិសាស្រ្តផ្សេងៗ ក៏អាចទិញវាគ្រាន់រចនាហាងរបស់លោកបានដែរ ដើម្បីរម្លឹកប្រវត្តិសាស្រ្តមួយនេះ។

បន្ទាប់ពីបានសម្ភាសគាត់រួច ខ្ញុំបានជួយទិញគាត់យកមកលក់បន្តនៅក្នុងតម្លៃសមរម្យបំផុត ដើម្បីជួយរកទីផ្សារឲ្យគាត់។ ខ្ញុំមានបំណងតែមួយគត់ គឺជួយឲ្យគាត់ឈប់ជិះកង់ដើរលក់ តែចាំតែធ្វើនៅផ្ទះ ហើយទុកឲ្យខ្ញុំជាអ្នកលក់ជំនួសវិញ។ ការធ្វើបែបនេះ នឹងជួយគាត់បានច្រើន ព្រោះ បើគាត់លក់រាយ យូរៗមានអ្នកទិញម្នាក់ តែត្រូវចំណាយពេលជិះកង់ជាច្រើនគីឡូម៉ែត្រ ពិតជាមិនងាយទេ។ ដូច្នេះ ខ្ញុំបានទិញគាត់ក្នុងតម្លៃខ្ពស់ ដូចគាត់លក់រាយដូច្នេះដែរ ហើយលក់បន្តក្នុងតម្លៃមួយសមរម្យជូនបងប្អូន។

ទំនាក់ទំនងទិញតាមរយៈលេខទូរស័ព្ទ៖ 093 95 99 83,061543328

LEAVE A REPLY